អឺរ៉ុប​ព្រមាន​ពិន័យ​Google ២៤២០លាន​អឺរ៉ូ

June 28, 2017 66
2017-06-27t093121z_186679422_rc1b88e59c80_rtrmadp_3_eu-google-antitrust

គណៈកម្មការ​អឺរ៉ុប បានប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី ២៧ មិថុនា​នេះ​ដាក់ពិន័យ​Google សាខា​របស់​ក្រុមហ៊ុន​Alphabet ក្នុង​ទឹកប្រាក់​ដ៏​ខ្ពស់បំផុត​មិន​ធ្លាប់មាន ចំនួន ២៤២០លាន​អឺរ៉ូ។ សម្រាប់​អឺរ៉ុប Google អាង​តែ​ខ្លួន​ខ្លាំង ហ៊ាន​បំពាន​គូប្រជែង ជាពិសេស​នៅក្នុង​កម្មវិធី​ប្រៀបធៀប​តម្លៃ​ទំនិញ។

គណៈកម្មការ​អឺរ៉ុប បាន​ទុកពេល​ឱ្យ​Google ចំនួន៩០ថ្ងៃ ក្នុង​ការបិទ​បញ្ចប់​សកម្មភាព​ប្រើ​ល្មោភ​អំណាច​របស់ខ្លួន បើ​ពុំ​នោះទេ ក្រុមហ៊ុន​នឹងត្រូវ​ទទួលពិន័យ​រហូត​ដល់​ទៅ៥%នៃ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ក្រុមហ៊ុន​តែម្តង។ ជា​តម្លៃ​ពិន័យ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិ​ពាណិជ្ជកម្ម​សម័យ​ព័ត៌មានវិទ្យា ប៉ុន្តែ​វា​តំណាង​ឱ្យតែ១៣,៩%នៃ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន និង​តែ០,៤%នៃ​ប្រា​ក់ធន​ក្នុង​ទីផ្សារ​មូលប័ត្រ​ប៉ុណ្ណោះ។ ក្នុងមួយថ្ងៃៗ Alphabet រកប្រាក់​ចំណូល​បាន​ដល់​ទៅ ២៤៦,៦លាន។

ការដាក់ពិន័យ​លើ​ក្រុមហ៊ុន​យក្ស​អាមេរិក បានសម្រេច​ឡើង​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​បានធ្វើ​អង្កេត​អស់​រយៈពេល៧ឆ្នាំ និង​បាន​រកឃើញថា អ្នកប្រើប្រាស់​អ៊ី​ន​ធ័​រ​នែ​ត​តែង​ចង់ឱ្យ​Googleនាំទៅ​មើល​ផលិតផល​ដែល​ពួកគេ​ចង់​ទិញ ច្រើនជាង​ទៅ​វិ​ប​សៃ​ត៍​មួយទៀត ហើយ​ចុច​ស្វែងរក​វត្ថុ​នោះ​ជាថ្មី​ដដែល​ឡើងវិញ។ សម្រាប់​អឺរ៉ុប Google បាន​ប្រើ​អំណាច​ដ៏​ខ្លាំង និង​ភាព​ល្បី​ខាង “ស្វែងរក” តម្រង់​នាំ​អ្នកប្រើប្រាស់​អ៊ី​ន​ធ័​រ​នែ​ត​ដែល​ចង់​ប្រៀបធៀប​តម្លៃ​ទំនិញ​អ្វីមួយ ទៅ​វិ​ប​សៃ​ត៍​Google Sphopping របស់ខ្លួន​ទាំងអស់ ដោយ​ស្វ័យប្រវត្តិ។ ការធ្វើ​បែបនេះ គឺ​ដូចជា​ហាមឃាត់​អតិថិជន​អឺរ៉ុប​មិនឱ្យ​ចូល​វិ​ប​សៃ​ត៍​ផ្សេងទៀត​ដែល​ពួកគេ​ចង់។ ទង្វើ​នេះ ជាការ​ប្រកួតប្រជែង​ដោយ​ខុសច្បាប់។

ប៉ុន្តែ​Google មិន​ព្រម​ទទួលយក​ពាក្យ​បន្ទោស​របស់​គណៈកម្មកា​រ​អឺរ៉ុប​ទេ ហើយ​សន្យាថា​នឹងធ្វើ​បណ្តឹងឧទ្ធរណ៍។

សូមបញ្ជាក់ថា គណៈកម្មការ​អឺរ៉ុប​ក៏​កំពុងបើក​អង្កេត​ពីរ​ទៀត​ប្រឆាំងនឹង​Google ៖ មួយ​ចំពោះ​ទង្វើ​ប្រើ​ប្រព័ន្ធ​អ៊ី​ដ្រូ​អ៊ី​ត​ដើម្បី​យកឈ្នះ​គូប្រជែង។ ទី​ពីរ គឺ​ការប្រើ​កម្មវិធី​ពាណិជ្ជកម្ម​ដើម្បី​ធ្វើជា​រនាំង​រារាំង​គូប្រជែង។ ប្រសិនបើ​គណៈកម្មការ​ចាប់កំហុស​ពីរ​នេះ​បាន Google ត្រូវ​រង​ពិន័យ​កាន់តែ​ធ្ងន់ធ្ងរ​មែនទែន។ Google ក៏​កំពុង​ជាប់​អង្កេត​នៅក្នុង​ប្រទេស​ខ្លួនឯង​ដែរ ជុំវិញ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​អាមេរិក​នៅ​ឆ្នាំ២០១៣ ឱ្យ​Google ឈប់ លុប​បទ​អត្ថាធិប្បាយ​នានា និង​ទិន្នន័យ​ផ្តល់​ដោយ​វិ​ប​សៃ​ត៍​ជា​គូប្រជែង៕ ប្រភពពី RFI

 

Loading...