អាមេរិក​ស្វែងរក​មូលហេតុ​ដែល​និស្សិត​Otto Warmbier ធ្លាក់ខ្លួន​សន្លប់​ធំ​ក្នុង​ពន្ធនាគារ​កូរ៉េខាងជើង

June 17, 2017 340
000_pi8kv

តើ​មានរឿង​អ្វី កើតឡើង​ខ្លះ នៅពេល Otto Warmbier ស្ថិតក្នុង​ពន្ធនាគារ​កូរ៉េខាងជើង ? នៅសុខៗស្រាប់តែ​កូរ៉េខាងជើង ប្រកាស​ដោះលែង​និស្សិត​អាមេរិក​នេះ ក្រោម​ហេតុផល​មនុស្សធម៌ ?! តាម​ការពិត Otto Warmbier បាន​ត្រលប់មក​ស្រុកកំណើត​វិញ កាលពី​ថ្ងៃ​ពុធ ជាមួយនឹង អាកា​រៈ​សន្លប់​បាត់ស្មារតី ជំងឺ​បាន​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​យ៉ាងធ្ងន់ធ្ងរ។ បើតាម​ការសន្និដ្ឋាន​ដំបូង របស់​ក្រុមគ្រូពេទ្យ​អាមេរិក Otto Warmbier មិនមែន​ពុល​អាហារ រួច​លេបថ្នាំ​គេង ហើយ​បាត់ស្មារតី​រហូត ដូច​ការអះអាង​របស់​កូរ៉េខាងជើង​ទេ។

Otto Warmbier កំពុងមាន​ដំបៅ​ប្រព័ន្ធ​ប្រសាទ​យ៉ាងធ្ងន់ធ្ងរ ដែល​ទំនងជា​បណ្តាល​មក​មាន​បញ្ហា​ដង្ហើម​ឬ​គាំងបេះដូង ឈាម​មិនអាច​ហូរ​ទៅ​ចិញ្ចឹម​ខួរក្បាល​បាន​ត្រឹមត្រូវ ! នេះ​បើតាម​គ្រូពេទ្យ​ដែល​ទទួលបន្ទុក​ព្យាបាល​រូប​យុវ​និស្សិត។ ក្រុមគ្រូពេទ្យ ពុំទាន់​អាច​កំណត់​មូលហេតុ​ដែល​ជំរុញ​ឱ្យ​អូ​តូ វ៉​មមៀ ធ្លាក់ខ្លួន​សន្លប់​បាត់​ស្មា​តី​បាន ហើយក៏​រក​ពុំទាន់​ឃើញ​សញ្ញា​នៃ​ពុល​អាហារ រហូត​ត្រូវ​លេបថ្នាំ​គេង​លក់​ដល់​សន្លប់ ដូចដែល​របប​ព្យុងយ៉ាង​បាន​ពន្យល់​ដែរ។

អ្នកឯកទេស យល់ថា​ព្យុងយ៉ាង​គ្មាន​ហេតុផល​អ្វី​ត្រូវ​ចាក់​ថ្នាំ​ឱ្យ​និស្សិត​អាមេរិក​ជា​អ្នកទោស​នេះ ដេក​សន្លប់​ឡើយ ប៉ុន្តែ​បើជា​ឧប្បត្តិ​ហេតុដែល​កើតឡើង​ដោយ​ចៃដន្យ ទំនងជា​ត្រូវ​ជាង។ ហេតុដូច្នេះ​ហើយ​បានជា​ព្យុងយ៉ាង​បិទ​រឿងនេះ​ជិត។ តែ​ដល់ពេល​មួយ ទើប​កូរ៉េខាងជើង​ភ្ញាក់ខ្លួន ចំពោះ​ស្ថានភាព​កាន់តែ​ដុនដាប​របស់​អ្នកទោស  លាក់​លែងកើត ទើប​ផ្តើមគំនិត​ដាក់ឱ្យ​ដំណើរការ​ភ្លាម​បណ្តាញ​ការទូត ដោះលែង​Otto Warmbier។  កូរ៉េខាងជើង​ក៏​ទំនងជា​ស្លន់ស្លោ​ដែរ នៅពេល​ឃើញ​ស្ថានភាព​សុខភាព​និស្សិត​អាមេរិក​ធ្លាក់​ធ្ងន់ធ្ងរ​ខ្លាំង​នោះ។ នេះ​បើតាម​អ្នកជំនាញ​នយោបាយ​ស្តីពី​កូរ៉េខាងជើង។
 
តាម​ធម្មតា​កូរ៉េខាងជើង​ចូលចិត្ត​ចាប់​ជនជាតិ​អាមេរិក ហើយ​រៀបចំ​ឆាក​ឈុត​កាត់ទោស ដាក់ទោស​ជា​ទម្ងន់ ដើម្បី​ទាក់ទាញ​ឥស្សរជន​ជាន់ខ្ពស់​អាមេរិក (អតីត​ប្រធានាធិបតី Jimmy Carter Bill Clinton ...) ឱ្យមក​ទស្សនា​ក្រុង​ព្យុងយ៉ាង ជា​ថ្នូរ​នឹង​សេរីភាព​ជនជាតិ​អាមេរិក​នោះ។  យុទ្ធសាស្ត្រ​នេះ​គឺ​ដើម្បី​ជា​ប្រយោជន៍​ឃោសនា​នយោបាយ​ក្នុងស្រុក។
 
ប៉ុន្តែ​ក្នុងករណី Otto Warmbier កូរ៉េខាងជើង​របេះក្បាច់ ! ជាទូទៅ របប​ព្យុងយ៉ាង​ចង់​មើល​ការខុសត្រូវ​អ្នកទោស​អាមេរិក​ឱ្យបាន​ល្អ ឬ​ល្អ​ខ្លាំង​បំផុត​ផង ព្រោះ​យូរ​ឬ​ឆាប់​ពួកគេ​នឹង​ដោះលែង​វិញ​ហើយ។ អ្នកទោស​អាមេរិក​បាន​រួចខ្លួន​ខ្លះ រៀបរាប់​អំពី​ការរង​ទណ្ឌកម្ម​ធ្វើ​ពលកម្ម​ធ្ងន់​ពេញ​មួយថ្ងៃ​វែង ពី​បញ្ហា​ថ្នាំសង្កូវ ពី​ការរំលោភបំពាន​ចិត្តសាស្ត្រ តែ​ខ្លះទៀត​បានលើកឡើង​អំពី​លក្ខខណ្ឌ​ទោស​បែប​អនុគ្រោះ​ខ្លាំង។ គិត​មក​ត្រឹម​ថ្ងៃនេះ នៅមាន​ជនជាតិ​អាមេរិក​បីនាក់​ទៀត កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​កូរ៉េខាងជើង៕

 

Loading...