អគ្គិភ័យ​ត្របាក់​អគារ២៤ជាន់​នៅ​ទីក្រុង​ឡុង​ដ៍ ធ្វើអោយ​ស្លាប់​និង​របួស​ច្រើន​នាក់

June 15, 2017 147
tag_reuters.com2017_binary_rc117d906410-viewimage

នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស អគារ​កំពស់២៤ជាន់​មួយ បាន​រង​អគ្គិភ័យ នៅ​យប់​ថ្ងៃ​អង្គារ ឈានចូល​ព្រឹក​ថ្ងៃ​ពុធ ១៤មិថុនា​នេះ។ អគ្គិភ័យ​ធ្វើអោយមាន​មនុស្ស​ស្លាប់​និង​របួស​ច្រើន​នាក់ យ៉ាងហោច​មាន​អ្នករបួស៥០នាក់។ តាម​ព័ត៌មាន​ចុងក្រោយ ផ្តល់​ដោយ​ប៉ូលិស មាន​មនុស្ស​ស្លាប់៦នាក់ តែ​តួលេខ​អាច​កើន​ជាង​នេះ។ ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់រយ​នាក់​បាន​ខិតខំ​បង្ក្រាប​អគ្គិភ័យ តាំងពី​យប់​ថ្ងៃ​អង្គារ​មក។ គេ​មិនទាន់​ដឺ​ង​មូល​ហេតុដែល​បង្កអោយមាន​ភ្លើង​ឆាបឆេះ​នេះ​នៅឡើយ​ទេ។ “អគ្គិភ័យ​នេះ​គឺជា​គ្រោះ​ដ៏​ធំ” នេះ​ជាការ​លើកឡើង​របស់លោក​សា​ឌី​ក ខាន់ Sadiq Khan ជា​អភិបាលក្រុង​ឡុង​ដ៍។

ស្ថានភាព​អគ្គិភ័យ នៅ​អគារ Grenfell Tower  

រហូតដល់​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុម​ពន្លត់​អគ្គិភ័យ នៅ​មិនទាន់​អាច​បង្ក្រាប​ភ្លើង​បាន។ ភ្លើង​បាន​ឆាបឆេះ​ពី​ជាន់​ក្រោម​ទៅលើ​សន្ធោរ​សន្ធៅ។ តាម​រូបភាព​វីដេអូ និង​រូបភាព​ពី​ខាងក្រៅ ឃើញថា អគារ​កម្ពស់២៤ជាន់​នេះ ស្ទើរតែ​ឆេះ​ខ្លោច​អស់​ទៅហើយ ធ្វើអោយ​គេ​បារម្ភ​ថា អគារ​នេះ​អាច​នឹង​ស្រុត​ធ្លាក់ចុះ​ទៀតផង។ អាជ្ញាធរ​បាន​ជម្លៀស​ប្រជាជន​ដែល​នៅផ្ទះក្បែរៗអគារ​នោះដែរ។ ដោយ​ថា មាន​មនុស្ស​ច្រើន​នាក់ នៅជាប់​ខ្លួន ក្នុង​អគារ Grenfell Tower ដូច្នេះ អាច​នឹងមាន​អ្នករងរបួស រឺ​ស្លាប់​ថែម​លើ​តួលេខ​ដែល​អាជ្ញាធរ​ក្រុង​ឡុង​ដ៍​ផ្តល់​ចុង​ក្រោយនេះ។  
 
សូមបញ្ជាក់ថា អគារ២៤ជាន់ Grenfell Tower នេះ មានផ្ទះ​ល្វែង១២០ខ្នង ជា​ផ្ទះជួល​អោយ​ប្រជាជន​ក្នុង​តម្លៃថោក​សមរម្យ។ អគារ​នេះ​ស្ថិតនៅ​សង្កាត់ North Kensington ខាងលិច​ក្រុង​ឡុង​ដ៍ សង់​ឡើង ក្នុង​ឆ្នាំ១៩៧៤ ហើយ​ធ្លា​ប់រង​ការជួសជុល​ច្រើនដង​ហើយ។
 
អគារ​មាន​កម្ពស់​ច្រើន​ជាន់ មានផ្ទះ​ល្វែង​ច្រើន​ខ្នង ធ្វើអោយ​គេ​ពិបាក​ដឹង​តួលេខ​ជនរងគ្រោះ​ពិតប្រាកដ។ ក្រុម​ពន្លត់​អគ្គិភ័យ​បានទទួល​ទូរ​សព្ទ​ជាច្រើន ពី​គ្រោះអាសន្ន​នេះ នៅ​ប្រហែល​ម៉ោង១ភ្លឺ រំលង​អា​ធ្រា​ត្រ ចូល​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ក្រុម​សង្គ្រោះបាន​បញ្ជូន​អ្នករបួស​រាប់សិប​នាក់ ទៅ​មន្ទីរពេទ្យ​ចំនួន៥កន្លែង​នៅ​ទីក្រុង​ឡុង​ដ៍។ អ្នក​ដែល​រួច​ពី​គ្រោះ​ភ្លើង​ពី​យប់​មក បាន​ទូរ​សព្ទ​ទាក់ទង​បងប្អូន​អ្នកជិតខាង​ដែល​នៅជាប់​ក្នុង​អគារ ដែល​អ្នកខ្លះ​លែង​ផ្តល់ដំណឹង​ឈឹង​តែម្តង។
 
អ្នកខ្លះ​មិន​ហ៊ាន​ចេញពី​អគារ ដោយសារ​មាន​ផ្សែង​ច្រើន​ក្រាសឃ្មឹក​ពេក។ អ្នក​រួច​ពី​គ្រោះ​ភ្លើង ខ្លះ​ប្រាប់ថា បានលឺ​សម្លេងក្មេងៗស្រែកហៅ​អោយជួយ ឃើញ​ស្ត្រី​ពរ​កូន​ក្បែរ​បង្អួច មាន​ទាំង​មនុស្ស​លោត​ពី​អគារ​ទៀតផង។  ស្តាប់ទៅ​ព្រឺព្រួច​ណាស់ ពិតជា​ពិបាក​ទទួលបាន ស្ថានភាព​នេះ​នៅ​នឹង​ភ្នែក​ណាស់។  
 
គេ​មិន​ដឺ​ង​មូលហេតុ​អគ្គិភ័យ​អោយ​ច្បាស់​ទេ តែបើ​តាម​អ្នករស់នៅ​អគារ​មួយចំនួន អាច​បណ្តាលមកពី​ការផ្ទុះ​ទូទឹកកក រឺក៏​អាចមកពី​បញ្ហា​សម្ភារ​ដែល​ដាក់​នៅមុខ​អគារ​ក្នុងពេល​មានការ​ជួសជុល នៅ​ឆ្នាំ​មុននេះ។
 
អ្នករស់នៅ​អគារ​Grenfell Tower ធ្លាប់​តវ៉ា​ច្រើនដង​ពី​ស្ថានភាព​អគារ

រហូត​ព្រឹក​ថ្ងៃ​ពុធ​នេះហើយ ក៏​ក្រុម​ឡានទឹក៤០គ្រឿង មាន​គ្នា​ដល់​ទៅ​រាប់រយ​នាក់ នៅតែ​មិនអាច​បង្ក្រាប​អគ្គិភ័យ​នៅ Grenfell Tower បាន។  នេះ​ស​បង្ហាញ​ពី​បញ្ហា​ស្ថានភាព​អគារ ដែល​ធ្លា​ប់រង​ការជួសជុល​កែលម្អ ច្រើនដង។ យោងតាម​ឯកសារ​ចុះផ្សាយ​តាម​វេ​ប​សាយ ប្រមាណ​ជា១ឆ្នាំ​មុននេះ អ្នករស់នៅ​ក្នុង​អគារ​ច្រើន​នាក់​ណាស់​បាននាំគ្នា​តវ៉ា​ច្រើនដង​មកហើយ តវ៉ា​ថា អគារ​នេះ​អាច​នឹងរង​គ្រោះ​អគ្គិភ័យ​ធ្ងន់ធ្ងរ បើ​គ្មាន​ការដោះស្រាយ​ណាមួយ​ទេ ពោល​គឺជា​គ្រោះ​ភ្លើង​ដែល​មិនអាច​ចៀសបាន។ អ្នក​រួច​ជីវិត​ពី​អគ្គិភ័យ​ម្នាក់ លើកឡើងថា ឆ្នាំ២០១៣ ធ្លាប់មាន​បញ្ហា​ប្រព័ន្ធ​អគ្គិសនី​គួរកត់សម្គាល់​ម្តង​ហើយ។ ដូច្នេះ អគារ Grenfell Tower ពិត​ជាមាន​បញ្ហា​មែនហើយ។
 
អគារ ធ្លាប់​រង​ការជួសជុល​កែលម្អ​ច្រើនលើក​ហើយ។ អ្នករស់នៅ​ទីនោះ​រិះគន់ថា ក្រោយ​ជួសជុល​កែលម្អ​អគារម្តងៗ គឺ​តែងមាន​សល់​កំទេចកំទី​ជានិច្ច។ អ្នក​រួច​ជីវិត​ពី​អគ្គិភ័យ​ម្នាក់​បាន​សំដែង​ការបារម្ភ​ប្រាប់​អ្នកសារព័ត៌មាន អគារ Grenfell Tower នេះ​ទើប​ជួសជុល​មួយឆ្នាំ​មុននេះ ជួលជុល​កែលម្អ​បង្អួច​នឹង​ប្រព័ន្ធ​កំដៅ។ ដូច្នេះ សម្ភារ​ដែល​ប្រើប្រាស់​ទាំងនេះ អាច​នឹង​បន្ថែម​បញ្ហា​ដល់​អគារ​ថែមទៀត។
 
បញ្ហា​ធ្ងន់​បំផុត​ដែល​គេ​រិះគន់ គឺថា ពេល​ជួសជុលម្តងៗ អគារ​មាន​ច្រកចេញចូល​តែមួយ​ទេ។ បើ​មាន​អគ្គិភ័យ​នៅ​ច្រក​ផ្លូវចេញចូល​នេះ ប្រាកដជា​គ្មាន​អ្នកណាម្នាក់​អាច​រត់​ចេញពី​អគារ​ទេ។ អគ្គិភ័យ​យប់មិញ​នេះ​មិន​ពិបាក​ឆ្ងល់​ទេ សម្រាប់​អ្នករស់នៅ​អគារ​នេះ។ ប្រជាជន​នៅ​អគារ​នេះ​ត្រូវតែ​ខឹងសម្បា​រហើយ ព្រោះ​បណ្តា​អ្នក​ដែល​ផ្តល់ជំនួយ និង​ទទួលខុសត្រូវ​អគារ មិន​ព្រម​រក​ដំណោះស្រាយ បញ្ហា​អគារ កន្លងមក។ អ្នក​រួច​ជីវិត​ពី​គ្រោះ​ភ្លើង​ឆេះ​ខ្លះ​លើកឡើងថា ទាល់តែ​ត្រូវមាន​អគ្គិភ័យ ត្រូវមាន​មនុស្ស​ស្លាប់​ទើប​គេ​វែក​រកមុខ​អ្នកទទួលខុសត្រូវ។
 
អ្នករស់នៅ​អគារ​នេះ​ខឹងសម្បារ​គឺ​មិន​ខុស​ទេ ព្រោះ​តាមរយៈ​គ្រោះ​ភ្លើង​នេះ ពួកគេ​ច្បាស់​ជា​យល់ថា ជីវិត​ពួកគេ​ដូចជា​គ្មាន​តម្លៃ​អ្វី​ទេ បានជា​អ្នក​ដែល​ទទួលខុសត្រូវ មិន​ព្រម​ដោះស្រាយ​បញ្ហា​អគារ កន្លងមក ចាំ​ទាល់​តែមាន​មនុស​ស្លាប់​និង​របួស។ ត្បិត​ថា ផ្ទះល្វែង​ជួល​អោយ​ពួកគេ​ក្នុង​តម្លៃថោក តែ​ជីវិត​មនុស្ស​មិនមែនជា​ទំនិញ មិនមែនជា​រឿង​លេងសើច​ទេ។ គេ​មិនអាច​បន្ថោក​ជីវិត​មនុស្ស តាម​ថ្លៃឈ្នួល​ផ្ទះ​អញ្ចឹងទេ៕ ប្រភពពី RFI

 

Loading...