ហ្វឺ វៀតណាម ក្លាយ​ជា​អាហារ​ដ៏​ពេញ​និយម​មួយ​នៅ​សហរដ្ឋ​អាមេរិក

May 08, 2017 285

ក្រោយ​ពី​ជាប់​ចំណាត់​ថ្នាក់​ជា​អាហារ​ឆ្ងាញ់​ក្នុង​លោក​មួយ ក្នុង​កម្មវិធី​ CNN Go របស់​ទូរទស្សន៍ ស៊ីអិនអិន ភោជនីយដ្ឋាន​លក់​គុយទាវ​ហ្វឺ កាន់​តែ​រីក​ស្គុះ​ស្គាយ​នៅ​ទឹក​ដី​អាមេរិក មិន​ថា​នៅ​តាម​បណ្ដា​ហាង​តូច​ធំ ឬ​ភោជនីយដ្ឋាន​ចល័ត​ឡើយ។

ហ្វឺ​គឺជា​គុយទាវ​វៀតណាម ដែល​ត្រូវ​បាន​ចម្អិន​ដោយ​សាច់​មាន់ ឬ​គោ។ អាហារ​នេះ​ត្រូវ​បាន​ទទួល​ទាន អម​ជាមួយ​បន្លែ​បង្ការ​ស្រស់​ៗ  មាន​ដូច​ជា ជីរ ជីរ​អង្កាម ក្រូច​ឆ្មារ និង​សណ្ដែក​បណ្ដុះ ជាដើម។ គុយទាវ​ហ្វឺ បាន​ចាប់​កំណើត​នៅ​ដើម​សតវត្សរ៍​ទី​២០ ក្នុង​ខេត្ត​ណាំឌិញ ភាគ​និរតី​នៃ​ទីក្រុង​ហាណូយ វៀតណាម​ខាង​ជើង​។ ដោយ​សារ​តែ​ទីនោះ​សម្បូរ​ទៅ​ដោយ​ទីផ្សារ​វាយនភ័ណ្ឌ រស​ជាតិ​របស់​វា​ត្រូវ​បាន​ចម្អិន​តម្រូវ​ទៅ​តាម​រស​និយម​របស់​ជនជាតិ​ វៀតណាម​ផង និង​បារាំង​ផង​ដែរ។ អាហារ​នេះ ដើម​ឡើយ​ត្រូវ​បាន​លក់​តាម​ធុង​គុយទាវ​លើ​ចិញ្ចើម​ផ្លូវ​ មុន​ពេល​ដែល​ភោជនីយដ្ឋាន​គុយទាវ​ហ្វឺ​ដំបូង​គេ​បំផុត ​បាន​បើក​ទ្វារ​នៅ​ឆ្នាំ ​១៩២០ ឯ​ក្រុង​ហាណូយ។ មក​ទល់​ឆ្នាំ​១៩៥៤ ទើប​អាហារ​នេះ​ទទួល​បាន​ប្រជា​ប្រិយភាព​ពី​ប្រជាជន​វៀតណាម​ខាង​ត្បូង និង​បន្ត​រីកសាយ​ភាយ​ទៅ​ប្រទេស​ជិត​ខាង រហូត​ដល់​ទ្វីប​អាមេរិក អឺរ៉ុប និង​អូស្ត្រាលី នៅ​ឆ្នាំ​១៩៧០ តាម​រយៈ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​តរៀង​មក។

លុះ​ដល់​ឆ្នាំ​២០១១ កម្មវិធី CNN Go របស់​បណ្ដាញ​ទូរទស្សន៍​ស៊ីអិនអិន បាន​ផ្ដល់​ចំណាត់​ថ្នាក់​លេខ​២៨ ដល់​គុយទាវ​ហ្វឺ​ថា ជា​អាហារ​ឆ្ងាញ់​បំផុត​ក្នុង​ចំណោម​អាហារ​ទាំង​៥០​មុខ​នៅ​ក្នុង​លោក។

គុយទាវ​ហ្វឺ ត្រូវ​បាន​លក់​ដោយ​ដាក់​ចាន​គោម​ធំ ជាមួយ​នឹង​គុយទាវ​ធ្វើ​ពី​ម្សៅ​អង្ករ ត្រាំ​ក្នុង​ទឹក​ស៊ុប​ថ្លា ​មាន​ចំណិត​សាច់​គោ​ស្ដើងៗ។ ជាទូទៅ វៀតណាម​ខាង​ជើង​ច្រើន​ប្រើ​គុយទាវ​សរសៃ​រាង​ទ្រើស​បន្តិច និង​សម្បូរ​ទៅ​ដោយ​ស្លឹក​ខ្ទឹម។ រីឯ​នៅ​វៀតណាម​ខាង​ត្បូង ហ្វឺត្រូវ​បាន​ចម្អិន​ឲ្យ​មាន​រសជាតិ​រាង​ផ្អែម និង​បន្ថែម​ដោយ​ប្រហិត​សាច់​គោ។

លោក ធី កាវ ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​វៀតណាម​ទៅ​រស់​នៅ​អាមេរិក​ក្នុង​ឆ្នាំ​១៩៧៥ មិន​នឹក​ស្មាន​ថា ទីក្រុង​ម៉ាឌីសិន នៅ​រដ្ឋ​វីនស្កុនស៊ីន បាន​ក្លាយ​ជា​កន្លែង​ដែល​មាន​លក់​គុយទាវ​ហ្វឺ​ច្រើន​យ៉ាង​ដូច្នេះ​​សោះ។

ម្ចាស់​ភោជនីយដ្ឋាន​រូប​នេះ​បាន​ថ្លែង​ថា៖ «កាល​ពីមុន​មាន​តែ​នៅ​ញូវយ៉ក និង​កាលីហ្វ័រនីញ៉ា​ទេ ដែល​សម្បូរ​អាហារ​ជាតិ​សាសន៍​វៀតណាម ប៉ុន្តែ​ឥឡូវ​ហ្វឺ​មាន​លក់​នៅ​គ្រប់​រដ្ឋ ហើយ​អតិថិជន​មិន​មែន​មាន​តែ​អាស៊ី​ទេ សូម្បី​តែ​ជនជាតិ​អាមេរិក​ក៏​ញ៉ាំ​ហ្វឺ​ដែរ»។

2017-05-08_18.05.55

ភោជនីយដ្ឋាន​ហ្វឺមួយ​ដែល​ល្បី​គួរ​សម​នៅ​អាមេរិក​គឺ Pho 27 ដែល​ដំណើរ​ការ​ដោយ​អ្នក​ស្រី លីយ៉ា ញ៉ញ និង​ស្វាមី​របស់​នាង​ដែល​បាន​ប្រកប​របរ​នេះ​ជាង​៤​ជំនាន់​មក​ហើយ៕

2017-05-08_18.05.31

 

Loading...